ព័ត៌មានកីឡា

គ្រូអៀរឡង់ទាមទារឲ្យដកអ៊ីស្រាអែល ចេញពី ការប្រកួត World Cup 2026

គ្រូបង្វឹកក្រុមជម្រើសជាតិអៀរឡង់ លោក Heimir Hallgrimsson ទាម​ទារ​ឲ្យ FIFA ​ដកក្រុម​ជម្រើស​ជាតិអ៊ីស្រាអែល ចេញពីការប្រកួត World Cup 2026 ដូចទៅនឹងរុស្ស៊ី និងបេឡារុស។

ជាការពិត អ៊ីស្រាអែល បានរងការរិះគន់ ថាបានប្រព្រឹត្តិអំពើប្រល័យពូជសាស្រ្ត នៅតំបន់កាហ្សា។

អ៊ីស្រាអែល កំពុងឈរលេខ ៣ ក្នុងពូល I ក្នុងវគ្គជម្រុះ World Cup 2026 តំបន់អឺរ៉ុប ។ ក្រុមលេខ១ វគ្គចែកពូល នឹងឈ្នះ​កៅអី​ស្វ័យប្រវត្តិ ទៅកាន់ទឹកដីអាមេរិក កាណាដា និងម៉ិកស៊ិក។​ រីឯក្រុមលេខ ២ តាមពូល ត្រូវបន្តឆ្លងទៅកាន់វគ្គ Playoffs ដណ្តើមកៅអី។ រីឯក្រុមអៀរឡង់វិញ ទទួលលទ្ធផលមិនល្អ ដោយឈរបាតតារាងក្នុងពូល​ F ។

លោក Hallgrimsson គ្រូអៀរឡង់ ជឿជាក់ថា FIFA នឹងសម្រេចដកអ៊ីស្រា​អែល ​ពីការប្រកួតអន្តរជាតិរបស់ខ្លួន ។​ គ្រូបង្វឹកវ័យ ៥៨ឆ្នាំ មិនចង់ជួបតទល់នឹងក្រុមអ៊ីស្រាអែលឡើយ នៅវគ្គ Playoffs ករណី​ក្រុមធ្លាក់ត្រឹមវគ្គចែកពូល ហើយត្រូវបន្តដំណើរប្រកួតប្រជែងបន្តទៀតនោះ ព្រោះអ៊ីស្រាអែលកំពុងមានឈ្មោះមិនល្អ ពាក់ព័ន្ធសង្គ្រាមនៅកាហ្សា។

បើតាមក្រសួងសុខាភិបាលតំបន់កាហ្សា មនុស្សប្រមាណ ៦ម៉ឺននាក់បានស្លាប់ ហើយក្នុង​ចំណោម​នោះ មានកុមារជាង ១៧ ០០០នាក់ ក្នុងសង្គ្រាមតំបន់កាហ្សា ដែលអ៊ីស្រាអែល អះអាងថា ជាការវាយប្រហារលើក្រុមជ្រុលនិយមហាម៉ាស់ តាំងពីឆ្នាំ ២០២៣ មក៕