ព័ត៌មានទូទៅ

ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាល និងចែកអំណោយជូនដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីកងទ័ព និងវីរនគរបាល នៅស្រុករមាសហែក ខេត្តស្វាយរៀង

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរកងទ័ព និងវីរនគរបាល ចំនួន ៤៦៧គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត មានសេចក្តីសោមនស្សរីករាយដែលបានមកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សប្បុរសជន ជូនដល់បងប្អូនដោយផ្ទាល់ ប៉ុន្តែក៏មានការសោកស្តាយផងដែរ ចំពោះបងប្អូនត្រូវបានភៀសខ្លួន ចាកចេញពីផ្ទះសម្បែង បោះបង់ទីលំនៅ និងការងារបង្កបង្កើនផល ដោយសារតែការរំលោភបំពាន និងការឈ្លានពានក្នុងរយៈពេល ២១ថ្ងៃកន្លងទៅនេះ។

ស្ថានភាពនេះបានធ្វើឱ្យបងប្អូនជួបការលំបាកទាំងផ្នែកជីវភាព និងស្មារតី ប៉ុន្តែទោះជាយ៉ាងណា សម្តេចកិត្តិសង្គហបណ្ឌិត សូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងសាមគ្គីគ្នាដូច និងបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

About the author

debugtech.info@gmail.com

Add Comment

Click here to post a comment

Featured