លោក Donald Trump ប្រធានាធិបតីអាមេរិក បានថ្លែងនៅក្នុងកម្មវិធីមួយនៅក្នុងសេតវិមាននាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ថា សង្រ្គាមរវាងកម្ពុជា និងថៃ កំពុងមានមនុស្សស្លាប់ ហើយរឿងបែបនេះមិនគួរកើតឡើងទេ យើងនឹងចូលដោះស្រាយសង្រ្គាមនេះ។
យោធាថៃ នៅតែបន្តការឈ្លានពានមកលើកម្ពុជា ទោះបីជាមានការអន្តរាគមន៍ ពីលោក Donald Trump ក៏ដោយ។

ជុំវិញបញ្ហានេះ លោក Donald Trump បានថ្លែងយ៉ាងដូច្នេះថា ៖ “ យើងមានកិច្ចសន្ទនាដ៏ល្អ ជាមួយបណ្ដាមេដឹកនាំអឺរ៉ុប។ ភាគច្រើនក្នុងចំណោមពួកគេមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមជាមួយរុស្ស៊ី និងអ៊ុយក្រែន។ ដូចអ្នកទាំងអស់គ្នាដឹង យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយ កំពុងមានបញ្ហាបន្តិចបន្តួច នោះគឺរវាងថៃនិងកម្ពុជា តែយើងនឹងដោះស្រាយវា។ មានមនុស្សកំពុងស្លាប់។

រឿងបែបនេះមិនគួរកើតឡើងទេ ហើយសូមកោតសរសើរដល់ពួកគេដែលកំពុងធ្វើការដោះស្រាយ ជម្លោះនេះ”។
ការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យកម្ពុជា តាមរយៈការវាយប្រហារដោយអាវុធគ្រប់ធុន ទាំងជើងគោក ជើងទឹក និងជើងអាកាស បានបណ្តាលឲ្យខូចខាតផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ពលរដ្ឋ អគារក្រុមហ៊ុន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ ស្ពាន និងអង្គភាព សាធារណៈជាច្រើនកន្លែង។ ក្រៅពីនោះ សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបង្ខំចិត្តផ្អាកស្ទើរទាំងស្រុង៕














Add Comment